មេរៀនទទួលបានពីស្បៃរុំភ្នែកសេះ
មានសត្វសេះជាច្រើនក្បាល កំពុងរស់នៅក្នុងកសិដ្ឋានមួយ ដែលមានទីតាំងមិនសូវឆ្ងាយពីផ្ទះរបស់ខ្ញុំប៉ុន្មានទេ។ ខ្ញុំសង្កេតឃើញថា ក្នុងអំឡុងពេលរដូវខ្លះ សេះមួយចំនួនមានក្រណាត់រុំពីលើភ្នែករបស់ពួកវា។ អស់រយៈពេលជាយូរមកហើយ ដែលខ្ញុំមានចិត្តអាណិតសត្វសេះដែលគេបានបាំងភ្នែក មិនឲ្យមើលអ្វីឃើញបែបនេះ។ ប៉ុន្តែ ក្រោយមក ខ្ញុំក៏បានដឹងថា ខ្ញុំបានធ្វើការសន្និដ្ឋានខុស អំពីការរុំភ្នែកសេះទាំងនោះហើយ។ តាមពិត ក្រណាត់រុំភ្នែកសេះនោះ គឺជាស្បៃទេ ដូចនេះ សត្វសេះអាចមើលតាមក្រឡាស្បៃឃើញ ប៉ុន្តែ សត្វរុយ ដែលនាំឲ្យមានជម្ងឺភ្នែក មិនអាចចូលតាមស្បៃនោះបានឡើយ។ ស្បៃរុំភ្នែកនោះ មិនបានធ្វើឲ្យសត្វសេះមើលមិនឃើញឡើយ តែបានជួយការពារ មិនឲ្យពួកវាមានជម្ងឺដែលនាំឲ្យខ្វាក់ភ្នែកទៅវិញទេ!
អ្នកមិនជឿព្រះ ច្រើនតែធ្វើការសន្និដ្ឋានខុស អំពីព្រះគម្ពីរ គឺមិនខុសពីការដែលខ្ញុំធ្វើការសន្និដ្ឋានខុស អំពីស្បៃរុំភ្នែកសេះឡើយ។ ពួកគេយល់ថា ព្រះគម្ពីរគ្រាន់តែជាវត្ថុដែលព្រះបានដាក់បាំងភ្នែកយើង ដើម្បីកុំឲ្យយើងមើលឃើញ ការសប្បាយដែលយើងអាចមានក្នុងជីវិតប៉ុណ្ណោះ។ ពួកគេមានការសោកស្តាយចំពោះគ្រីស្ទបរិស័ទ ព្រោះពួកគេបានយល់ថា ព្រះអម្ចាស់បានរារាំងមិនឲ្យយើងមានការសប្បាយ ក្នុងការរស់នៅ។ ពួកគេមិនដឹងអំពីអត្ថប្រយោជន៍នៃព្រះគម្ពីរ គឺមិនខុសពីការដែលខ្ញុំមិនដឹងអំពីមូលហេតុដែលគេរុំភ្នែកសេះនោះឡើយ។ ព្រះគម្ពីរមិនបានរារាំងយើង មិនឲ្យមើលឃើញរបស់ល្អ ក្នុងជីវិតនោះឡើយ តែបានជួយការពារយើង មិនឲ្យរងគ្រោះដោយសារការភូតកុហក់ ដែលបណ្តាលឲ្យមានភាពខ្វាក់ខាងវិញ្ញាណទៅវិញទេ។
ព្រះគម្ពីរមិនបានរារាំងយើង មិនឲ្យមានអំណរក្នុងជីវិតឡើយ តែបានជួយឲ្យយើងមានអំណរដ៏ពិត ក្នុងការរស់នៅ។–Julie Ackerman Link
ចិត្តរបស់អ្នក
ខ្ញុំបានពេញចិត្តនឹងការអធិស្ឋានរបស់ម៉ាខុម(Malcom) នៅព្រះវិហារ កាលពីថ្ងៃមុន។ វាទើបតែមានអាយុ៧ឆ្នាំទេ ប៉ុន្តែ វាបានឈរនៅមុខក្មេងៗដទៃទៀត ដែលមានគ្នាមួយរយនាក់ ហើយអធិស្ឋានថា “ព្រះយេស៊ូវអើយ សូមអរព្រះគុណទ្រង់ ដែលបានឲ្យយើងខ្ញុំលេងបាត់ទាត់ ហើយមកព្រះវិហារ ហើយបានឲ្យយើងខ្ញុំធ្វើដំណើរមកទីនេះ ដោយសុវត្ថិភាព ហើយសូមអរព្រះគុណទ្រង់ ដែលបានអត់ទោសបាបឲ្យយើងខ្ញុំ ហើយប្រទានជីវិតអស់កល្ប។ ព្រះយេស៊ូវ យើងខ្ញុំស្រឡាញ់ទ្រង់។ សូមទ្រង់នៅតែនឹកចាំជានិច្ចថា យើងខ្ញុំស្រឡាញ់ទ្រង់ខ្លាំងប៉ុណ្ណា”។
ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ពេលដែលឃើញវាបង្ហាញចេញនូវទឹកចិត្តរបស់វា ចំពោះព្រះដូចនេះ។ ក្នុងនាមជាមនុស្សពេញវ័យ យើងប្រហែលជាច្រើនតែព្យាយាមបន្ថែមបន្ថយពាក្យបន្តិចបន្តួច នៅក្នុងការអធិស្ឋាន ដើម្បីឲ្យពិរសស្តាប់ សម្រាប់ព្រះ និងមនុស្សនៅជុំវិញយើង ដែលអាចស្តាប់ឮយើង។ ប៉ុន្តែ ខ្ញុំយល់ថា ព្រះទ្រង់ប្រាកដជាសព្វព្រះទ័យនឹងស្តាប់ តែពាក្យអ្វីដែលចេញពីចិត្តរបស់កូនទ្រង់ប៉ុណ្ណោះ។
លោកនេហេមាមានចិត្តខ្វល់ខ្វាយ អំពីការស់នៅរបស់ប្រជាជននៅក្រុងយេរូសាឡិម ដែលជាមាតុភូមិរបស់គាត់ ពេលដែលគាត់បានដឹងថា ពួកគេកំពុងមានសេចក្តីទុក្ខជាខ្លាំង ហើយកំផែងដែលនៅព័ទ្ធជុំវិញទីក្រុង ក៏មានសភាពបាក់បែកទៀត(នេហេមា ១:៣)។ គាត់ក៏បានអធិស្ឋាន ដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ។ ជាដំបូងគាត់បានសរសើរដំកើងព្រះ ដែលទ្រង់ល្អ(ខ.៥) ហើយគាត់ក៏ទូលសូមឲ្យទ្រង់អត់ទោសបាបឲ្យគាត់(ខ.៦) រួចទូលទ្រង់អំពីព្រះបន្ទូលសន្យារបស់ទ្រង់(ខ.៩) ហើយក៏ទូលសូមឲ្យព្រះបណ្តាលចិត្តស្តេចឲ្យមានសេចក្តីមេត្តា(ខ.១១)។ ព្រះទ្រង់ក៏បានមើលថែរលោកនេហេមា និងពួកបណ្តាជនរបស់គាត់ នៅក្នុងពេលដែលពួកគេសាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។
តើអ្នកកំពុងតែគិតអំពីអ្វី? តើអ្នកចង់អរព្រះគុណព្រះ ឬកំពុងមានបន្ទុកនៅក្នុងចិត្ត? ព្រះនៃយើង ដែលជាព្រះនៃសេចក្តីស្រឡាញ់ ទ្រង់សព្វព្រះទ័យនឹងស្តាប់ពាក្យអធិស្ឋាន…
ចូរពិចារណា អំពីពពក
ជាច្រើនឆ្នាំកន្លងទៅ ថ្ងៃមួយ ខ្ញុំនិងកូនប្រុសទាំងពីររបស់ខ្ញុំ បាននាំគ្នាទម្រេតខ្លួន នៅលើស្មៅនៅក្នុងទីធ្លាក្រោយផ្ទះ ដើម្បីមើលពពករសាត់នៅលើមេឃ។ កូនប្រុសច្បងក៏បានសួរខ្ញុំថា “ប៉ា ហេតុអ្វីបានជាពពកអណ្តែតនៅលើមេឃ?” ពេលនោះ ខ្ញុំចង់ចែករំលែកចំណេះដឹងរបស់ខ្ញុំឲ្យវាស្តាប់ដែរ ប៉ុន្តែ កាលនោះ ខ្ញុំមិនដឹងថា ត្រូវឆ្លើយប្រាប់វាយ៉ាងដូចម្តេចទេ បានជាខ្ញុំប្រាប់វាថា “កូនអើយ ប៉ាក៏មិនដឹងដែរ។ តែ ប៉ានឹងខំស្វែងរកចម្លើយពេលក្រោយ”។
ក្រោយមក ខ្ញុំក៏បានរកឃើញថា តាមការបកស្រាយអំពីបាតុភូតធម្មជាតិ ចំហាយទឹកដែលហួតចេញពីទឹកដែលមាននៅលើដី អណ្តែតឡើងទៅលើអាកាសផ្តុំគ្នា បង្កើតបានជាពពក ហើយចំហាយក្តៅដែលហើរឡើងទៅលើមេឃ ក៏បានរួមចំណែក នៅក្នុងការធ្វើឲ្យពពកអណ្តែតនៅអាកាសផងដែរ។
ប៉ុន្តែ ការបកស្រាយតាមបែបវិទ្យាសាស្រ្ត មិនអាចផ្តល់ចម្លើយគ្រប់គ្រាន់ឡើយ។ ពពកអណ្តែត ដោយសារព្រះបានប្រើប្រាជ្ញាទ្រង់ ដើម្បីតាក់តែងច្បាប់ធម្មជាតិ ដែលនាំឲ្យបាតុភូតធម្មជាតិកើតឡើង ហើយបើកសម្តែង “កិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់”(យ៉ូប ៣៧:១៦)។ ដូចនេះ យើងអាចចាត់ទុកពពកជានិមិត្តរូប ឬទីសំគាល់នៃលក្ខណៈដ៏ល្អ និងព្រះគុណរបស់ព្រះ នៅក្នុងការបង្កើតលោកិយ។
ដូចនេះ បើសិនជានៅថ្ងៃមួយ អ្នកបានគយគន់រូបភាពដែលលេចឡើងក្នុងពពក សូមនឹកចាំថា ព្រះដែលបានធ្វើឲ្យរបស់សព្វសារពើ មានភាពស្រស់ស្អាត បានធ្វើឲ្យពពកអណ្តែតលើអាកាស។ ការនេះបានកើតឡើង ដើម្បីឲ្យយើងស្ញើចសរសើរ និងស្រឡាញ់ទ្រង់។ ផ្ទៃមេឃសម្តែងពីសិរីល្អរបស់ព្រះ រួមជាមួយនឹងពពកគ្រប់ប្រភេទ គ្រប់សណ្ឋាន ដែលអណ្តែតនៅនាអាកាស។–David Roper
ការប្រុងត្រចៀកស្តាប់
ខ្ញុំមានបញ្ហាមួយ នៅក្នុងទំនាក់ទំនងប្តីប្រពន្ធរបស់ខ្ញុំ តែខ្ញុំមិនដឹងថា អ្នកដទៃមានបញ្ហាដូចនេះដែរឬយ៉ាងណាទេ។ ជាញឹកញាប់ ខ្ញុំច្រើនតែប្រមូលអារម្មណ៍គិត ដោយមិនចាប់អារម្មណ៍ចំពោះអ្វីៗដែលនៅជុំវិញខ្លួន ជាហេតុនាំឲ្យភរិយារបស់ខ្ញុំគឺ ម៉ាទី(Martie) មានអារម្មណ៍នឿយណាយយ៉ាងខ្លាំង ជាពិសេសនៅពេលដែលនាងកំពុងនិយាយប្រាប់ខ្ញុំ អំពីរឿងសំខាន់ៗ។ ពេលដែលនាងសំគាល់ឃើញថា ខ្ញុំមិនចាប់អារម្មណ៍ចំពោះពាក្យសម្តីរបស់នាង នាងច្រើនតែសួរខ្ញុំថា “តើបងបានឮខ្ញុំនិយាយទេ?”
ការស្តាប់ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងទំនាក់ទំនងនីមួយៗ ជាពិសេសក្នុងទំនាក់ទំនង ដែលយើងមានជាមួយព្រះគ្រីស្ទ។ បើយើងជាកម្មសិទ្ធិរបស់ទ្រង់ នោះយើងមានអភ័យឯកសិទ្ធិ នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយទ្រង់ តាមរយៈព្រះបន្ទូលទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការក្នុងចិត្តយើង។ យើងត្រូវប្រុងត្រចៀកស្តាប់អ្នកគង្វាលដ៏ពិតរបស់យើង ពេលដែលទ្រង់បន្លឺព្រះសូរសៀង ដើម្បីដឹកនាំយើង ទៅកាន់សេចក្តីសុចរិត សេចក្តីស្រឡាញ់ ព្រះគុណ និងការអ្វីដែលសមស្របនឹងបុគ្គលិកលក្ខណៈ និងបំណងព្រះទ័យទ្រង់។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១០ ព្រះយេស៊ូវបានមានបន្ទូលច្បាស់ថា ទ្រង់ជា “អ្នកគង្វាលដ៏ល្អ” ហើយអ្នកដែលខំស្តាប់ព្រះសូរសៀងទ្រង់ ក៏បានក្លាយជាអ្នកដើរតាមទ្រង់ យ៉ាងស្ម័គ្រស្មោះ(ខ.៤) ហើយបានផ្លាស់ប្រែ ទៅជាមានលក្ខណៈដូចទ្រង់។
ការប្រុងត្រចៀកស្តាប់ពាក្យសម្តីរបស់ប្តីប្រពន្ធ ឬមិត្តភ័ក្ររបស់អ្នក គឺជាការបង្ហាញថា ពួកគេមានតម្លៃ និងភាពសក្តិសម នៅក្នុងទំនាក់ទំនង។ យ៉ាងណាមិញ ការផ្តោតចិត្តទៅលើព្រះសូរសៀងនៃព្រះយេស៊ូវ គឺជាការបញ្ជាក់ថា ទ្រង់សំខាន់ចំពោះជីវិតរបស់អ្នក។ ដូចនេះ ចូរលះចោលការអ្វីដែលរំខានដល់ជីវិតអ្នក ហើយងាកបែរមកស្តាប់ព្រះបន្ទូលទ្រង់វិញ ហើយអធិស្ឋានសូមឲ្យព្រះគុណទ្រង់បានធ្វើការអ្វី ដែលទ្រង់បានមានបន្ទូល។–Joe Stowell
កំហុសដែលលាក់កំបាំង
មានកំហុសឆ្គងមួយ បានកើតឡើងក្នុងវិស័យកីឡា តែវាមិនមែនជាកំហុស ដែលបានកើតមានជាលើកទីមួយ ហើយក៏មិនមែនជាលើកចុងក្រោយដែរ។ ប៉ុន្តែ ការលើកយករឿងនេះមកនិយាយ ប្រហែលជាអាចជួយយើង មិនឲ្យមានកំហុសដ៏អាម៉ាស់ដូចនេះដែរ។
គេបានកត់សំគាល់ឃើញថា គ្រូបង្វឹកបាល់ទាត់មហាវិទ្យាល័យម្នាក់ មានបុគ្គលិកលក្ខណៈជាគ្រីស្ទបរិស័ទដ៏ល្អ ប៉ុន្តែ ក្រោយមក គាត់ក៏បានលាឈប់ពីការងារ ដោយក្តីអាម៉ាស់ បន្ទាប់ពីគេបានរកឃើញថា គាត់បានបំពានច្បាប់ ដែលបានចែងយ៉ាងច្បាស់ ដោយសមាគមន៍ជាតិអត្តពលិក នៃមហាវិទ្យាល័យ។ មានអត្ថបទទស្សនាវត្តីមួយ បានធ្វើសេចក្តីសន្និដ្ឋានថា “ភាពស្អាតស្អំរបស់គាត់ ស្ថិតនៅក្នុងចំណោមរឿងដ៏គួរឲ្យសង្ស័យបំផុត ក្នុងកីឡាបាល់ទាត់មហាវិទ្យាល័យ”។ ពេលនោះ ជាពេលដ៏អាម៉ាស់បំផុត សម្រាប់គ្រូបង្វឹករូបនេះ ប៉ុន្តែ យើងក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះនរណាក៏អាចជួបរឿងដ៏អាម៉ាស់ដូចនេះដែរ។ អារក្សតែងតែតាមល្បួងយើងម្នាក់ៗ ឲ្យធ្វើអ្វីមួយលួចលាក់ នៅក្នុងជីវិតរបស់យើង ដែលនាំឲ្យប៉ះពាល់ព្រះកិត្តិនាមរបស់ព្រះអម្ចាស់។ ជាការពិតណាស់ យើងសុទ្ធតែអាចធ្វើឲ្យខ្លួនឯងមានភាពស្អាតស្អំ ឬមានទីបន្ទាល់ល្អតែសម្បកក្រៅ។
យើងសុទ្ធតែងាយរងគ្រោះ ដោយសារការល្បួងផ្សេងៗ។ ដូចនេះ តើយើងអាចឈ្នះការល្បួងដោយរបៀបណា? ដើម្បីឈ្នះការល្បួង យើងត្រូវទទួលស្គាល់ថា ការល្បួងអាចកើតមានចំពោះមនុស្សគ្រប់គ្នា(១កូរិនថូស ១០:១៣)។ យើងត្រូវដឹងអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការចាញ់ការល្បួង(យ៉ាកុប ១:១៣-១៥)។ យើងត្រូវចេះជួយជ្រោងគ្នាឡើង(សាស្តា ៤:៩-១២)។ ហើយយើងត្រូវទូលសូមឲ្យព្រះជួយយើង ដើម្បីកុំឲ្យដួលចុះ(ម៉ាថាយ ២៦:៤១)។ មានតែព្រះគុណ និងអំណាចរបស់ព្រះទេ ដែលអាចជួយយើង មិនឲ្យដួលចុះ ហើយជួយលើកយើងឡើង…
ការរៀបចំខ្លួនបានល្អ
ខ្ញុំបានទទួលការបង្រៀនឲ្យចេះត្រៀមខ្លួនជានិច្ច។ ពេលខ្ញុំគិតអំពីការនេះ ខ្ញុំក៏បាននឹកឃើញលោក នេនហួស(Nienhuis) ដែលជាអ្នកជិតខាងរបស់ខ្ញុំ កាលខ្ញុំកំពុងធំធាត់។ ខ្ញុំចាំថា ពេលគាត់ត្រឡប់មកផ្ទះវិញ គាត់មិនដែលខានបើកឡានថយក្រោយ ចូលក្នុងបន្ទប់ដាក់ឡានឡើយ។ ការនេះហាក់ដូចជាចម្លែកសម្រាប់ខ្ញុំ ប៉ុន្តែ ក្រោយមក ម្តាយរបស់ខ្ញុំ ក៏បានពន្យល់ថា លោកនេល(Nels) គឺជាអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត។ ដូចនេះគាត់ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីប្រញាប់ទៅស្ថានីយពន្លត់អគ្គីភ័យ កាលណាគេទូរស័ព្ទមកគាត់។ គាត់បានបើកឡានថយក្រោយ ចូលទៅក្នុងបន្ទប់ដាក់ឡាន ដើម្បីឲ្យគាត់អាចបើកឡានចេញបានឆាប់រហ័ស ពេលគាត់ត្រូវទៅបំពេញតួរនាទីពន្លត់អគ្គីភ័យ។
ការត្រៀមខ្លួនឲ្យបានល្អ គឺពិតជាមានសារៈសំខាន់ នៅក្នុងការរស់នៅរបស់យើង។ ហេតុនេះហើយបានជា លោកអាប្រាហាំ លីនខិន(Abraham Lincoln) បានមានប្រសាសន៍ថា “បើខ្ញុំមានពេលតែ៨ម៉ោងសម្រាប់កាប់ដើមឈើមួយដើម ខ្ញុំនឹងចំណាយពេល៦ម៉ោង ដើម្បីសំលៀងពូថៅរបស់ខ្ញុំ”។
ក្នុងការរស់នៅ យើងត្រូវត្រៀមខ្លួនសម្រាប់ការជាច្រើន។ យើងត្រៀមខ្លួនសម្រាប់អាជីពណាមួយ ដោយខិតខំរៀនសូត្រ។ យើងទិញប័ណ្ណធានារ៉ាប់រង សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ឬ អគ្គីភ័យ ដែលអាចកើតឡើងនៅពេលខាងមុខ។ ជាងនេះទៅទៀត យើងថែមទាំងបានត្រៀមខ្លួនសម្រាប់ចុងបញ្ចប់នៃជីវិត ដោយសរសេរពាក្យបណ្តាំ សម្រាប់មនុស្សជាទីស្រឡាញ់។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រាប់យើងថា យើងត្រូវតែមានការត្រៀមខ្លួនខាងវិញ្ញាណផងដែរ។ យើងត្រៀមខ្លួនខាងវិញ្ញាណ ដោយពាក់គ្រឿងសឹករបស់ព្រះ ដើម្បីធ្វើសង្រ្គាមខាងវិញ្ញាណ(អេភេសូរ ៦:១0-២០) ដោយត្រៀមចិត្តគំនិត សម្រាប់ការរស់នៅដ៏បរិសុទ្ធ(១ពេត្រុស ១:១៣) ដោយប្រាកដក្នុងចិត្តថា យើងបានត្រៀមខ្លួនជាស្រេច…
មូលហេតុដែលយើងធ្វើការ
ក្នុងទសវត្សរ៍ឆ្នាំ ១៦៦០ គេបានឲ្យលោក គ្រីស្តូហ្វ័រ រែន(Christopher Wren) ធ្វើការរចនាប្លង់ព្រះវិហារធំរបស់សេនប៉ុល(St. Paul’s Cathedral) នៅទីក្រុងឡុង ឡើងវិញ។ យោងតាមរឿងព្រេង បានឲ្យដឹងថា ថ្ងៃមួយ គាត់បានទៅពិនិត្យការដ្ឋាននៃសំណង់ដ៏អស្ចារ្យនេះ ហើយពួកកម្មករមិនបានស្គាល់គាត់ទេ។ លោករេន បានដើរមើលការដ្ឋាន ហើយក៏បានសួរកម្មករពីរបីនាក់ថា “អ្នកកំពុងធ្វើអ្វី?” កម្មករទីមួយបានឆ្លើយថា “ខ្ញុំកំពុងកាត់ថ្មមួយដុំ”។ រីឯកម្មករទីពីរវិញ ក៏បានឆ្លើយថា “ខ្ញុំកំពុងធ្វើការ ដើម្បីប្រាក់ឈ្នួល ៥ស៊ីលីង ២ភែន ក្នុងមួយថ្ងៃ”។ ទោះជាយ៉ាងណាក៏ដោយ កម្មករទីបីបានឆ្លើយ តាមការយល់ឃើញខុសពីអ្នកមុនៗថា “ខ្ញុំកំពុងជួយលោកគ្រីស្ទូហ្វ័រ រេន សាងសង់ព្រះវិហារដ៏ធំអស្ចារ្យ ដើម្បីថ្វាយសិរីល្អដល់ព្រះ”។ ដូចនេះ កម្មកររូបនេះ ពិតជាមានអាកប្បកិរិយ៉ា និងបំណងចិត្តខុសពីកម្មករផ្សេងមែន!
យើងត្រូវដឹងអំពីមូលហេតុ ដែលយើងធ្វើកិច្ចការនីមួយៗ ព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេស ពេលដែលយើងកំពុងធ្វើការ ឬមានអាជីពអ្វីមួយ នៅក្នុងការរស់នៅ។ ហេតុនេះហើយបានជាសាវ័កប៉ុល លើកទឹកចិត្តពួកជំនុំក្រុងអេភេសូរថា “ចូរកុំបំរើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ”(អេភេសូរ ៦:៦-៧)។
បើយើងធ្វើការងាររបស់យើង ដោយគ្រាន់តែដើម្បីឲ្យបានប្រាក់កម្រៃ ឬដើម្បីតែបំពេញចិត្តចៅហ្វាយ…
ការទំនាក់ទំនង ទៅវិញទៅមក
តើអ្នកធ្លាប់កប់យោបល់ នៅក្នុងការសន្ទនា ជាមួយមនុស្សដែលនិយាយតែអំពីខ្លួនឯងឬទេ? ដើម្បីជាការគួរសម អ្នកក៏បានចាប់ផ្តើមការសន្ទនានោះ ដោយសួរសំណួរទៅកាន់គាត់។ តែគាត់ក៏បន្តនិយាយអំពីខ្លួនឯងមិនចេះឈប់ ហើយគាត់ក៏មិនដែលបានសួរអ្នកវិញសោះ។ ដូចនេះ ការសន្ទនានោះ ជាការនិយាយតែអំពីខ្លួនគាត់ គឺមិនបាននិយាយអំពីខ្លួនអ្នកសូម្បីតែបន្តិច។
សូមស្រមៃអំពីការដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ កំពុងស្តាប់ពាក្យអធិស្ឋានរបស់យើង ក្នុងអំឡុងពេលយើងចំណាយពេលស្ងប់ស្ងាត់ជាមួយទ្រង់។ យើងប្រហែលជាបានអានព្រះបន្ទូលទ្រង់ខ្លះៗ ប៉ុន្តែ បន្ទាប់មក ក្នុងការអធិស្ឋាន យើងក៏ប្រែជាទូលទ្រង់ ដោយផ្តោតទៅលើសេចក្តីត្រូវការរបស់យើងតែប៉ុណ្ណោះ។ យើងទូលសូមឲ្យទ្រង់ជួយដោះស្រាយបញ្ហាយើង ជួយបំពេញសេចក្តីត្រូវការផ្នែកហរិញ្ញវត្ថុ ឬប្រោសជម្ងឺខាងសាច់ឈាមរបស់យើង ប៉ុន្តែ យើងមិនបានអនុញ្ញាតឲ្យបទគម្ពីរដែលយើងបានអាននោះ ចូលក្នុងសេចក្តីអធិស្ឋានរបស់យើងទេ។ បានសេចក្តីថា យើងមិនបានយកចិត្តទុកដាក់ ចំពោះអ្វីដែលព្រះបានមានបន្ទូលមកកាន់យើងទេ។
យ៉ាងណាមិញ អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពួក ១១៩ មិនមានអាកប្បកិរិយ៉ាដូចនេះទេ។ ផ្ទុយទៅវិញ គាត់បានស្វែងរកជំនួយរបស់ព្រះ ដើម្បីឲ្យគាត់អាចយល់ព្រះបន្ទូលទ្រង់ បានជាគាត់មានប្រសាសន៍ថា “សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់”(ខ.១៨)។ ហើយខណៈពេលដែលគាត់អធិស្ឋាន គាត់បានបង្ហាញឲ្យយើងដឹងថា គាត់បានឲ្យតម្លៃព្រះបន្ទូលព្រះយ៉ាងខ្លាំង បានជាគាត់រាប់ព្រះបន្ទូលទ្រង់ ជា“សេចក្តីអំណរ” របស់គាត់(ខ.២៤)។
ចូរយើងរៀនអធិស្ឋាន ដោយឆ្លើយតប ចំពោះព្រះបន្ទូលរបស់ព្រះ។ ការធ្វើដូចនេះ នឹងនាំឲ្យយើងអាចចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ បានកាន់តែប្រសើរឡើង។ និយាយរួម យើងត្រូវឲ្យការអានព្រះគម្ពីរ និងការអធិស្ឋានរបស់យើង ក្លាយជាការសន្ទនាទៅវិញទៅមក…
ក្រុមចម្រៀងដ៏ពិសេស
ពេលដែលលោក មីជ មីលល័រ(Mitch Miller) បានទទួលមរណៈភាព ក្នុងខែកក្កដា ឆ្នាំ២០១០ មនុស្សភាគច្រើនដែលស្គាល់គាត់ បាននឹកចាំថា គាត់ជាអ្នកដែលអញ្ជើញគេរាល់គ្នា ឲ្យច្រៀងជាមួយគាត់។ កម្មវិធី ច្រៀងជាមួយលោកមីជ គឺជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពរបស់គាត់ នៅទសវត្សរ៍ឆ្នាំ ១៩៦០។ នៅក្នុងកម្មវិធីទូរទស្សន៍នេះ ក្រុមបុរសបានច្រៀងបទខ្លី ដែលកំពុងពេញនិយម ហើយគេក៏បានដាក់អក្សរ នៅលើកញ្ចក់ទូរទស្សន៍សម្រាប់ឲ្យអ្នកទស្សនាច្រៀងជាមួយដែរ។ ការសែត ឡូស អ៊ែនជែលេស ថែម(Los Angeles Times) បានចុះផ្សាយដំណឹងមរណៈភាពរបស់គាត់ ដោយដកស្រង់សម្តីរបស់លោកមីលល័រ ដែលក្នុងនោះ គាត់បានជឿថា មូលហេតុដែលនាំឲ្យកម្មវិធីរបស់គាត់ទទួលជោគជ័យ គឺដោយសារបទខ្លីរបស់គាត់ ដែលច្រៀងថា “ខ្ញុំតែងតែមានគម្រោងជួលអ្នកចម្រៀងដែលមានសណ្ឋានខុសៗគ្នា គឺមានខ្លះខ្ពស់ ខ្លះទាប ខ្លះក្បាលទំពែក ខ្លះស្គម ខ្លះធាត់ មនុស្សមានសណ្ឋានខុសៗគ្នាអញ្ចឹង”។ តាមរយៈការបង្រួបបង្រួមអ្នកចម្រៀងដែលមានរូបរាង្គខុសៗដូចនេះ បទចម្រៀងដ៏ពិរសក៏បានបន្លឺឡើង ហើយគេក៏បានអញ្ជើញទស្សនិកជនទាំងអស់ ឲ្យមកចូលរួម។
ក្នុងបទគម្ពីររ៉ូម ជំពូក១៥ សាវ័កប៉ុលបានបង្រៀនគ្រីស្ទបរិស័ទទាំងអស់ ឲ្យមានការរួបរួមគ្នា គឺដូចដែលគាត់មានប្រសាសន៍ថា “ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(ខ.៦)។ គាត់ក៏បានដកស្រង់បទគម្ពីរសញ្ញាចាស់មួយចំនួន ដែលចែងអំពីការដែលសាសន៍ដទៃ និងសាសន៍យូដារួបរួមគ្នាច្រៀងសរសើរដំកើងព្រះ(ខ.៩-១២)។ កាលពីមុនគេគិតថា សាសន៍ដទៃ និងសាសន៍យូដាមិនដែលអាចរួបរួមគ្នាដូចនេះឡើយ ប៉ុន្តែ…